ព្រះត្រៃបិដក ភាគ ៤៦
គ្រាបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ទារុកម្មិកគហបតីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមអំពីថ្ងៃនេះទៅ ខ្ញុំព្រះអង្គហ្នឹងឯង នឹងឲ្យទានចំពោះសង្ឃវិញ។
[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគ្នា និយាយអភិធម្មកថា ក្នុងរោងមូល (ឧបដ្ឋានសាលា)។ បានឮថា បណ្តាពួកភិក្ខុទាំងនោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ក៏និយាយស្កាត់ពាក្យ ក្នុងចន្លោះៗ។ លំដាប់នោះ ព្រះមហាកោដ្ឋិកៈ ដ៏មានអាយុ បាននិយាយឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ចេះតែនិយាយស្កាត់ពាក្យ ក្នុងចន្លោះ ៗ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ សូមបង្អង់ ចាំចប់អភិធម្មកថាសិន។ កាលបើព្រះមហាកោដ្ឋិកៈដ៏មានអាយុ និយាយឃាត់យ៉ាងនេះហើយ ពួកភិក្ខុជាសំឡាញ់របស់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ក៏បាននិយាយនឹងព្រះមហាកោដ្ឋិកៈដ៏មានអាយុ យ៉ាងនេះថា
ID: 636854394403401511
ទៅកាន់ទំព័រ៖