ព្រះត្រៃបិដក ភាគ ៤៦
ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានចូលកាន់បឋមជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបានបឋមជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងចារៈ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានទុតិយជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រះមួយធំ ជិតស្រុក ឬនិគម ជួនជាភ្លៀងដែលមានដំណក់ទឹកធំៗ ក៏បង្អុរចុះមកក្នុងស្រះនោះ ញុំាងខ្យង គ្រំ ក្រួស និងអម្បែង ឲ្យសាបសូន្យទៅ ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ខ្យង គ្រំ ឬក្រួស អម្បែង នឹងមិនមានប្រាកដ ក្នុងស្រះឯណោះ ក្នុងកាលឥឡូវនេះទៀតទេ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។
ID: 636854395169095307
ទៅកាន់ទំព័រ៖