ព្រះត្រៃបិដក ភាគ ៤៦
លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ របស់ចិត្តហត្ថិសារីបុត្ត បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរស៊ប់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មានទេ គង់នឹករលឹកដល់នេក្ខម្មគុណវិញ។ គ្រានោះឯង ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មាន ក៏បានកោរសក់ កោរពុកមាត់ ស្លៀកដណ្តប់សំពត់កាសាវៈ ចេញចាកផ្ទះ ចូលកាន់ផ្នួស។ លំដាប់នោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ចៀសចេញចាកពួក ទៅនៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគឿងដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ
ID: 636854398774261510
ទៅកាន់ទំព័រ៖