ព្រះត្រៃបិដក ភាគ ៤៦

​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ព្រមទាំង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចុះទៅ​ក្នុង​ស្ទឹង​អចិរ​វតី​ ​ដើម្បី​ស្រឡាប​ខ្លួន​ ​ក្នុង​ស្ទឹង​អចិរ​វតី​ ​លុះ​ស្រឡាប​ខ្លួន​រួចហើយ​ ​ក៏​ឡើង​មក​ ​មានតែ​ចីវរ​មួយ​ ​ហើយ​ឈរ​ធ្វើខ្លួន​ឲ្យ​ប្រាកដ​ ​ដូចជា​កាលមុន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​អានន្ទ​ដ៏​មាន​អាយុ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រមូល​ហេតុ​ទាំងអស់​ ​ដោយ​ព្រះ​ហ្ឫទ័យ​ ​ហើយ​ព្យាករ​ទេវទត្ត​ថា​ ​ទេវទត្ត​ជា​អ្នក​កើត​ក្នុង​អបាយ​ ​ទៅ​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​រក​កែ​មិនកើត​ទេ​ឬ​ ​ឬថា​កែ​បាន​ ​ដោយហេតុ​ណាមួយ​ដែរ​។​ ​
 កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636854402460902374
ទៅកាន់ទំព័រ៖