ព្រះត្រៃបិដក ភាគ ៤៦
ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះសម្ពុទ្ធដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ។ សម័យក្រោយទៀត តថាគតកំណត់ដឹង នូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនោះបាត់ទៅ អកុសលធម៌កើតឡើងប្រាកដ តែបុគ្គលនោះ មិនគាស់ មិនរំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសលរបស់បុគ្គលនោះ នឹងកើតឡើងប្រាកដវិញ បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលល្អ គេទុកដាក់ដោយល្អ ហើយគេសាបព្រោះ លើទីដែលភ្ជួររាស់ ដោយស្រួលបួល ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងដល់នូវការដុះ លូតលាស់ឡើងធំ ទង្គំទង្គោលបានឬទេ។
ID: 636854403316051286
ទៅកាន់ទំព័រ៖