ព្រះត្រៃបិដក ភាគ ៤៦
តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ កុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង
ID: 636854404743332922
ទៅកាន់ទំព័រ៖