ព្រះត្រៃបិដក ភាគ ៤៦
ជាទីតាំងនៃសេចក្តីត្រេកអរ ១ សំឡេងទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយត្រចៀក។បេ។ ក្លិនទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយច្រមុះ រសទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយកាយ គួរបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនុ៎ះ មិនមែនកាមទេ ធម៌ទាំងនុ៎ះ ហៅថា កាមគុណ ក្នុងអរិយវិន័យ។
សេចក្តីត្រេអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រ ក្នុងលោក មិនមែនកាមទេ សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក ដោយប្រការដូច្នោះ តែអ្នកប្រាជ្ញទាំងឡាយ រមែងកំចាត់បង់ នូវសេចក្តីគាប់ចិត្ត ក្នុងអារម្មណ៍ទាំងឡាយនុ៎ះចេញ។
ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមក្នុងរូបទាំងឡាយ ដោយឡែក
ID: 636854406289281345
ទៅកាន់ទំព័រ៖