ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួលផល ក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាពជាលំដាប់តៗ ទៅ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង
ID: 636854408161428425
ទៅកាន់ទំព័រ៖