ព្រះត្រៃបិដក ភាគ ៤៦
ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់កម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មបុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។
ID: 636854408395771829
ទៅកាន់ទំព័រ៖