ព្រះត្រៃបិដក ភាគ ៤៦
ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ ព្យាធិក៏ជាទុក្ខ មរណៈក៏ជាទុក្ខ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈក៏ជាទុក្ខ បុគ្គលចង់បានរបស់ណា ហើយមិនបាននូវរបស់នោះ ក៏ជាទុក្ខ បើនិយាយដោយខ្លី ឧបាទានក្ខន្ធ ទាំង ៥ ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា ជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នានៃទុក្ខ តើដូចម្តច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខយ៉ាងខ្លាំងក៏មាន ទុក្ខយ៉ាងខ្សោយក៏មាន ទុក្ខក្ររសាយ ក៏មាន ទុក្ខឆាប់រសាយ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងងេងងោង មួយទៀត បុគ្គលមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ តែងដល់នូវការស្វែងរកហេតុខាងក្រៅព្រះពុទ្ធសាសនាថា បុគ្គលណាហ៎្ន ចេះ (មន្តអាគម) តែមួយបទ ឬពីរបទ ដើម្បីរំលត់ទុក្ខនេះបាន។
ID: 636854408589142889
ទៅកាន់ទំព័រ៖