ព្រះត្រៃបិដក ភាគ ៤៦
ពួកភិក្ខុណា មិនគោរពក្នុងព្រះសាស្តាទេ ក៏ដឹកនាំពួកភិក្ខុនោះ ឲ្យគោរពក្នុងព្រះសាស្តាផង។ ពួកភិក្ខុណា ជាអ្នកគោរពក្នុង ព្រះសាស្តាស្រាប់ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងព្រះធម៌ ដោយខ្លួនឯងផង។បេ។ ជាអ្នកគោរពក្នុងព្រះសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ និយាយសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមានមិត្តល្អទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលដ៏គួរផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន។ ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត អ្នកបានយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលតថាគត សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន ប្រពៃណាស់។
ID: 636854412687337293
ទៅកាន់ទំព័រ៖