ព្រះត្រៃបិដក ភាគ ៤៦
ឬមនុស្សច្រើនអ្នក ធ្វើឲ្យទៅជាមនុស្សម្នាក់បាន។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះមិនមានឡើយ។ ឮនូវសំឡេងទាំង ២ពួក គឺជាសំឡេងទេវតា និងសំឡេងមនុស្ស ឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសសោតធាតុជារបស់មនុស្សធម្មតាបាន ហេតុនេះមិនមានឡើយ។ កំណត់ដឹងនូវចិត្ត របស់សត្វទាំងឡាយដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់ផុតចាកកិលេសក្តី ក៏ដឹងថា ចិត្តមិនទាន់ផុតចាកកិលេស ហេតុនេះមិនមានឡើយ។ រលឹកឃើញ នូវបុពេ្វនិវាសៈ គឺ លំដាប់ខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញមួយជាតិ ពីរជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះមិនមានឡើយ។ មានចក្ខុដ៏បរិសុទ្ធ ដូចជាទិព្វ កន្លងចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វ។បេ។ ដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ហេតុនេះមិនមានឡើយ។
ID: 636854413122282170
ទៅកាន់ទំព័រ៖