ព្រះត្រៃបិដក ភាគ ៤៦
អវិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង រមែងនៅជាសុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ហើយ តែងមានសុគតិជាទីសង្ឃឹម។
[៧៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា អញថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើសលុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា អញថោកថយជាងគេ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ទាំង ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តទេ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា ថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើសលុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា ថោកថយជាងគេ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។
ID: 636854415377461159
ទៅកាន់ទំព័រ៖