ព្រះត្រៃបិដក ភាគ ៤៦
[៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌។
ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាង ជាអ្នកគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌បាន។
[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមានសុខ និងសោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ បានប្រារព្ធហើយ។
ID: 636854415699629586
ទៅកាន់ទំព័រ៖