ព្រះត្រៃបិដក ភាគ ៤៦
ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានពន្លឺ គឺញាណដ៏ច្រើន ១ មានព្យាយាមដ៏ច្រើន ១ មានសេចក្តីត្រេកអរដ៏ច្រើន ១ មានសន្តោសដ៏ច្រើន ១ មិនលះធុរៈចោលក្នុងកុសលធម៌ ១ ញ៉ាំងចិត្តឲ្យឆ្លងទៅរកគុណខាងលើ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង មិនយូរប៉ុន្មាន គង់បានដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ។
[៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ មានសេចក្តីប្រាថ្នាអាក្រក់ ១ មានទិដ្ឋិខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសម្លាប់ ១ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ មានសេចក្តីប្រាថ្នាតិច ១ មានទិដ្ឋិត្រូវ ១។
ID: 636854416509965934
ទៅកាន់ទំព័រ៖