ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់ហើយនូវសក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃ។
បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ដូចជាម្រឹគ បុគ្គលនោះ ឈ្មោះថា រៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមានបបញ្ចធម៌ បុគ្គលនោះ ឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ ឲ្យសម្រេចបាន។
[១៥] ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ម្នាលអាវុសោទាំងឡាយ ចុះគេសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដូចម្តេច។
ID: 636853993995569493
ទៅកាន់ទំព័រ៖