ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាសុខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ រមែងមាន។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ រមែងមាន។
[១០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា មិនទៀង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសង្ខារទាំងឡាយទាំងពួង នឹងប្រាកដថា ជារបស់មិនតាំងនៅខ្ជាប់ខ្ជួនបាន ១ ចិត្តអាត្មាអញ នឹងមិនត្រេកអរ ក្នុងលោកទាំងពួង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ ចិត្តឈមទៅរកព្រះនិព្វាន នឹងមានដល់អាត្មាអញ ១ សញ្ញោជនៈទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការសាបសូន្យ ១ អាត្មាអញ នឹងប្រកបដោយភាព នៃខ្លួនជាសមណៈដ៏ឧត្តម ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា មិនទៀង។
ID: 636854423225240026
ទៅកាន់ទំព័រ៖