ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនអនិច្ចសញ្ញា ដើម្បីលះអស្សាទទិដ្ឋិ ១ ត្រូវចំរើនអនត្តសញ្ញា ដើម្បីលះអត្តានុទិដ្ឋិ ១ ត្រូវចំរើនសម្មាទិដ្ឋិ ដើម្បីលះមិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺអរតិ (សេចក្តីមិនត្រេកអរ) ១ វិហឹសា (ការបៀតបៀន)១ អធម្មចរិយា (ការមិនប្រព្រឹត្តិធម៌) ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ទាំងឡាយ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនមុទិតា ដើម្បីលះអរតិ ១ ត្រូវចំរើនអវិហឹសា ដើម្បីលះវិហឹសា ១ ត្រូវចំរើនធម្មចរិយា ដើម្បីលះអធម្មចរិយា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។
ID: 636854425152650268
ទៅកាន់ទំព័រ៖