ព្រះត្រៃបិដក ភាគ ៤៦
[១១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ អសន្តុដ្ឋិតា (សេចក្តីមិនសន្តោស) ១ អសម្បជញ្ញៈ (មិនដឹងខ្លួន) ១ មហិច្ឆតា (សេចក្តីប្រាថ្នាច្រើន) ១។ ម្នាលភិក្ខុទាំងឡាយ នេះ ធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនសន្តុដ្ឋិតា ដើម្បីលះអសន្តុដ្ឋិតា ១ ត្រូវចំរើនសម្បជញ្ញៈ ដើម្បីលះអសម្បជញ្ញៈ ១ ត្រូវចំរើនអប្បិច្ឆតា ដើម្បីលះមហិច្ឆតា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។
[១១៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ធម៌ ៣ យ៉ាង តើអ្វីខ្លះ។ គឺទោវចស្សតា (ភាពនៃបុគ្គលជាអ្នកប្រដៅបានដោយក្រ) ១ បាបមិត្តតា (ភាពនៃបុគ្គលជាអ្នកមានមិត្រអាក្រក់) ១ សេចក្តីរវើររវាយចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលគួរចំរើនសោវចស្សតា (ភាពនៃបុគ្គលជាអ្នកប្រដៅបានដោយងាយ) ដើម្បីលះទោវចស្សតា ១ ត្រូវចំរើនកល្យាណមិត្តតា ដើម្បីលះបាបមិត្តតា ១
ID: 636854425422365695
ទៅកាន់ទំព័រ៖