ព្រះត្រៃបិដក ភាគ ៤៦
វគ្គាសង្គហិតសុត្តន្ត
[១១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងចេញទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងនេះចេញទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយឡើយ។
[១១៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងចេញ ជាអ្នកគួរពិចារណាឃើញកាយក្នុងកាយ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះចេញ ជាអ្នកគួរពិចារណាឃើញកាយក្នុងកាយបាន។
ID: 636854426027270293
ទៅកាន់ទំព័រ៖