ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការចរចា។បេ។ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងពួកគណៈ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ។បេ។ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់នូវសក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃបាន។
បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រាកដដូចជាម្រឹគ បុគ្គលនោះ ឈ្មោះថា វៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមានបបញ្ចធម៌ បុគ្គលនោះ ទើបឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ឲ្យសម្រចបាន។
ID: 636853994384341730
ទៅកាន់ទំព័រ៖