ព្រះត្រៃបិដក ភាគ ៤៦

 ​[​១៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​ឈ្មោះ​ ​សុំ​សុ​មារ​គី​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​។​ ​សម័យ​នោះ​ឯង​ ​នកុ​លបិ​តា​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខ​ ​ឈឺធ្ងន់​។​ ​គ្រានោះ​ ​នកុ​លមា​តា​គហបតានី​ ​បាន​និយាយ​នឹងន​កុល​បិតា​គហបតី​ ​ដូច្នេះ​ថា​ ​បពិត្រ​គហបតី​ ​អ្នក​កុំ​ធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យ​ឡើយ​ ​បពិត្រ​គហបតី​ ​(​ព្រោះ​)​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​រមែង​នាំមក​នូវ​ទុក្ខ​ផង​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ផង​ ​បពិត្រ​គហបតី​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពី​អញ​ទៅ​ ​នកុ​លមា​តា​គហបតានី​ ​នឹង​មិន​អាច​ដើម្បី​ចិញ្ចឹម​ ​នូវ​ទារក​ទាំងឡាយ​ ​ទាំងគ្រប់​គ្រង​ ​នូវ​ឃរាវាស​បាន​ឡើយ​ ​បពិត្រ​គហបតី​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់ឃើញ​យ៉ាង​នុ៎ះ​ឡើយ​ ​បពិត្រ​គហបតី​ ​ខ្ញុំ​ជា​ស្រ្តី​ប្រសប់​រវៃ​កប្បាស​ ​ឆ្លៀវឆ្លាស​ ​បួង​ភ្នួង​សក់​ ​បពិត្រ​គហបតី​ ​អំណឹះ​អំពី​អ្នក​ទៅ​ ​ខ្ញុំ​អាច​ដើម្បី​ចិញ្ចឹម​ ​នូវ​ទារក​ទាំងឡាយ​ ​ទាំងគ្រប់​គ្រង​នូវ​ឃរាវាស​បាន​ ​បពិត្រ​គហបតី​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​អ្នក​កុំ​ធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យ​ឡើយ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636853994565362084
ទៅកាន់ទំព័រ៖