ព្រះត្រៃបិដក ភាគ ៤៦
ទ្រង់គង់កន្លងវេលា រហូតយប់ជ្រៅ ហើយក៏ទ្រង់ក្រោកចាកអាសនា ស្តេចទៅកាន់វិហារ។ ពួកព្រះថេរៈដ៏មានអាយុទាំងនោះ កាលដែលព្រះដ៏មានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏ក្រោកចាកអាសនៈ ទៅកាន់លំនៅនៃខ្លួនៗ។ ចំណែកពួកភិក្ខុណា ដែលនៅក្នុងឧបដ្ឋានសាលានោះ ជាភិក្ខុថ្មី បួសមិនទាន់អស់កាលយូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ ពួកភិក្ខុទាំងនុ៎ះ ក៏សិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ព្រះដ៏មានព្រះភាគបានឃើញ ពួកភិក្ខុទាំងនុ៎ះ កំពុងសិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ លុះឃើញហើយ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រទៅក្នុងទីណា មោគ្គល្លាន ទៅក្នុងទីណា មហាកស្សបទៅក្នុងទីណា មហាកច្ចានៈទៅក្នុងទីណា មហាកោដ្ឋិកៈទៅក្នុងទីណា មហាចុន្ទទៅក្នុងទីណា មហាកប្បិនទៅក្នុងទីណា អនុរុទ្ធទៅក្នុងទីណា រេវតៈទៅក្នុងទីណា អានន្ទទៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ពួកសាវកជាថេរៈទាំងនោះ ទៅក្នុងទីណាបាត់អស់អេះ។
ID: 636853996283190338
ទៅកាន់ទំព័រ៖