ព្រះត្រៃបិដក ភាគ ៤៦
ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គស្តេចចេញទៅមិនយូរប៉ុន្មាន ពួកលោកទាំងនោះ ក៏ក្រោកចាកអាសនៈ ហើយទៅកាន់លំនៅនៃខ្លួនៗ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ជាថេរៈ ឬជាភិក្ខុថ្មី សុទ្ធតែដេកស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់សព្វព្រះរាជហឫទ័យ តែខាងសុខអំពីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់ទាល់តែស្កប់ស្កល់ សោយរាជ្យដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃអ្នកជនបទដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់សព្វព្រះរាជហឫទ័យតែខាងសុខអំពីទីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់ទាល់តែស្កប់ស្កល់ សោយរាជ្យ ដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃអ្នកជនបទដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកធំ ក្នុងដែនអ្នកប្រើប្រាស់ទ្រព្យជាដំណែលបិតា
ID: 636853996468300925
ទៅកាន់ទំព័រ៖