ព្រះត្រៃបិដក ភាគ ៤៦
ជាសេនាបតី ជាចៅហ្វាយស្រុក អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ គ្រាន់តែទទួលដំណែង ជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃប្រជាជនដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ទទួលដំណែងជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ ជាទីពេញចិត្ត នៃប្រជាជនដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនពិចារណារកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលជាខាងចុងរាត្រី មិនខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ
ID: 636853996656241675
ទៅកាន់ទំព័រ៖