ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នក​សិក្សា​រឿយ​ៗ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ទាំង​វេលា​ថ្ងៃ​ ​និង​វេលា​យប់​ ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាលបើ​វេលា​យប់​កន្លង​ផុត​ទៅ​ ​វេលា​ថ្ងៃ​ ​ក៏​ដើរមក​ដល់​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​បច្ច័យ​នៃ​សេចក្តី​ស្លាប់​របស់​អញ​ ​មាន​ច្រើនណាស់​ ​គឺ​ពស់​នឹង​ចឹក​អញ​ ​ឬ​ខ្ទួយ​នឹង​ទិច​អញ​ ​ក្អែប​នឹង​ខាំ​អញ​ ​អញ​គប្បី​ធ្វើ​មរណកាល​ ​ដោយហេតុ​នោះ​ ​សេចក្តី​អន្តរាយ​នោះ​ ​នឹង​មានដល់​អញ​ ​អញ​នឹង​ភ្លាត់​ដួល​ ​ឬ​បាយ​ដែល​អញ​បរិភោគ​ហើយ​ ​នឹង​ឲ្យ​ទោស​ ​ប្រ​ម៉ាត់​របស់​អញ​នឹង​កម្រើក​ ​ស្លេស្ម​របស់​អញ​នឹង​កម្រើក​ ​ខ្យល់​មាន​អាការ​ដូច​កាំបិតកោរ​របស់​អញ​ ​នឹង​កម្រើក​ ​អញ​គប្បី​ធ្វើ​មរណកាល​ ​ដោយហេតុ​នោះ​ ​សេចក្តី​អន្តរាយ​នោះ​ ​នឹង​មានដល់​អញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​អញ​មិនទាន់​លះបង់​ ​ជា​ធម៌​ដែល​នឹង​នាំឲ្យ​អន្តរាយ​ដល់​អញ​ ​កាល​ធ្វើ​មរណភាព​ ​ក្នុង​វេលា​ថ្ងៃ​ ​តើមាន​ឬទេ​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636853999302473031
ទៅកាន់ទំព័រ៖