ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់អកុសលធម៌ដ៏លាមកទាំងនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវភ្លើងឆេះសំពត់ក្តី ឆេះក្បាលក្តី គប្បីធ្វើនូវសេចក្តីប៉ុងប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលត់ភ្លើងដែលឆេះសំពត់ ឬក្បាលនោះចេញ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មានឧបមេយ្យយ៉ាងនោះឯង។
ID: 636853999462812202
ទៅកាន់ទំព័រ៖