ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និងវេលាយប់ ដោយបីតិ និងបាមោជ្ជៈនោះឯង។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលបុគ្គលចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត។
ចប់ សារាណីយាទិវគ្គ ទី២។
ឧទ្ទាននៃសារាណីយាទិវគ្គនោះគឺ
និយាយអំពីសារាណីយធម៌ ពីរលើក អំពីមេត្តា ១ អំពីកាលកិរិយាល្អ ១ អំពីកាលកិរិយាក្តៅក្រហាយ ១ អំពីរឿងនកុលបិតា ១ អំពីការមិនពិចារណានូវកុសលធម៌ ១ អំពីអ្នកសម្លាប់ត្រី ១ អំពីមរណស្សតិ ពីរលើក ត្រូវជា ១០ រឿង។
ID: 636853999692345330
ទៅកាន់ទំព័រ៖