ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ កាលរាត្រីបឋមយាមយប់មិញ កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយយ៉ាងនេះ លុះនិយាយយ៉ាងនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយបាត់ទៅក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ដឹងលោកទាំងឡាយណា ដែលកំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ លោកទាំងនោះឈ្មោះថា ឥតលាភ លោកទាំងនោះ ឈ្មោះថា បានដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបរិហានិយធម៌ (ធម៌ជាគ្រឿងសាបសូន្យ) ៣ដទៃទៀត អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលបួល តថាគតនឹងសំដែងប្រាប់។
ID: 636854000282939110
ទៅកាន់ទំព័រ៖