ព្រះត្រៃបិដក ភាគ ៤៦
សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវធម្មានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវករឭកនូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវ សង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។
ID: 636854001518959807
ទៅកាន់ទំព័រ៖