ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះធម៌ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើ ដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវធម្មានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ។បេ។ លោកជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ
ID: 636854002509256448
ទៅកាន់ទំព័រ៖