ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា ទេវតាជាន់ចាតុម្មហារាជិកៈក៏មាន។បេ។ ទេវតាជាន់ខ្ពស់ជាងនោះទៀត ក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធាយ៉ាងណា ច្យុតអំពីទីនេះ ហើយទៅកើតក្នុងទីនោះ អាត្មាអញ តែងមានសទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកបដោយសីលយ៉ាងណា។បេ។ ដោយសុតៈ ចាគៈ បញ្ញា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ អាត្មាអញ តែងមានបញ្ញាដូច្នោះដែរ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវគុណ គឺសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន
ID: 636854003036526606
ទៅកាន់ទំព័រ៖