ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវព្យាបាទ គ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះព្យាបាទដល់ខ្ញុំ។ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដើម្បីលះព្យាបាទដល់ភិក្ខុនោះ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី២។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ រវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើង ឲ្យពិតប្រាកដ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ ហើយរវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះថីនមិទ្ធៈដល់ខ្ញុំ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដើម្បីលះថីនមិទ្ធៈដល់ភិក្ខុនោះ។
ID: 636854003832522135
ទៅកាន់ទំព័រ៖