ព្រះត្រៃបិដក ភាគ ៤៦
សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ហើយ រវើរវាយដោយវិចិកិច្ឆា ទាំងមិនដឹងនូវការលះវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីលះវិចិកិច្ឆា ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះនូវវិចិកិច្ឆា។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី៥។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនដឹង មិនឃើញនូវនិមិត្ត (ដែលខ្ញុំ) អាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដល់ភិក្ខុនោះ ដើម្បីឲ្យអស់អាសវៈទាំងឡាយ។
ID: 636854004237555301
ទៅកាន់ទំព័រ៖