ព្រះត្រៃបិដក ភាគ ៤៦
តាំងសតិចំពោះមុខ សម័យនោះ កាយរបស់លោក កំពុងតាំងនៅក្នុងឱជារស (អាហារ) លោកកំពុងសប្បាយនឹងធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ។ ព្រោះហេតុនោះ សម័យនោះ ទើបជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយនឹងពួកភិក្ខុជាថេរៈ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ការនោះ ខ្ញុំបានស្តាប់ចំពោះព្រះភក្រ្ត ខ្ញុំបានរៀន ចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលភិក្ខុ សម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើននេះ មាន៦។ ៦ តើអ្វីខ្លះ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីលះកាមរាគ
ID: 636854005015879819
ទៅកាន់ទំព័រ៖