ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​បាន​ច្រើនប្រការ​ ​គឺ​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​បាន​ច្រើនប្រការ​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​រឭក​ឃើញ​ជាតិនេះ​ ​ឈ្មោះថា​ ​អនុស្សតិ​ដ្ឋាន​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​ដឹង​ច្បាស់​ថា​ ​ឧទាយិ​នេះ​ ​ជា​មោឃបុរស​ ​មិនមែន​ជា​ប្រក​បរឿយៗ​ ​នូវ​អធិចិត្ត​ ​(​សមាធិ​វិបស្សនា​)​ ​ទេ​។​ ​ម្នាល​អានន្ទ​ ​អនុស្សតិ​ដ្ឋាន​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អនុស្សតិ​ដ្ឋាន​ ​មាន៥​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ស្រឡះ​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូល​តតិយជ្ឈាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​អនុស្សតិ​ដ្ឋាន​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​សុខ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​អធិដ្ឋាន​នូវ​សេចក្តី​សំគាល់​ថា​ថ្ងៃ​ ​គឺ​តាំងចិត្ត​ក្នុង​វេលា​ថ្ងៃ​យ៉ាងណា​ ​ក្នុង​វេលា​យប់​ ​ក៏​យ៉ាងនោះ​ ​ក្នុង​វេលា​យប់​យ៉ាងណា​ ​ក្នុង​វេលា​ថ្ងៃ​ ​ក៏​យ៉ាងនោះ​ ​ជា​បុគ្គល​មានចិត្តជា​ប្រក្រតី​ ​ដែល​នី​វរ​ណៈ​រួបរឹត​មិនបាន​ ​តែង​ចំរើន​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ ​(​ដើម្បី​បាន​ទិព្វចក្ខុ​)​។​ ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636854005663556864
ទៅកាន់ទំព័រ៖