ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះអង្គដ៏ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីបានញាណទស្សនៈ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះ ខាងលើតាំងអំពីបាទជើង ខាងក្រោមតាំងអំពីចុងសក់ ទីបំផុតជុំវិញអំពីត្រឹមស្បែក ដែលពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ
(១) សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីលះនូវកាមរាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ដូចភិក្ខុណា ឃើញនូវសរីរៈ ដែលគេចោលទៅក្នុងព្រៃស្មសាន ទោះស្លាប់ ១ថ្ងៃក្តី ស្លាប់២ថ្ងៃក្តី ស្លាប់៣ថ្ងៃក្តី ជាសាកសពហើមប៉ោង មានសម្បុរខៀវដោយច្រើន មានខ្ទុះចេញតាមទ្វារផ្សេងៗ ភិក្ខុនោះ ប្រៀបផ្ទឹមនឹងកាយ (ខ្លួន) នេះ យ៉ាងនេះថា សូម្បីកាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ កន្លងមិនផុតដូច្នោះដែរ។
(១) ខ្លះថា តម្រងបស្សាវៈ
ID: 636854005955083538
ទៅកាន់ទំព័រ៖