ព្រះត្រៃបិដក ភាគ ៤៦
មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នុ៎ះ ទើបប្រសើរបំផុត ជាងការស្តាប់ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅ នៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគតហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នេះ ទើបតថាគតឲ្យឈ្មោះថា ការស្តាប់ប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ ដូច្នេះឯង។ ឯលាភានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បានលាភ គឺ កូនក្តី បានលាភ គឺប្រពន្ធក្តី បានលាភ គឺទ្រព្យក្តី ឬក៏បានលាភធំតូចណាមួយក្តី បានសេចក្តីជឿក្នុងសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី
ID: 636854006873806086
ទៅកាន់ទំព័រ៖