ព្រះត្រៃបិដក ភាគ ៤៦
ចំណែកខាងសិក្ខានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ សិក្សាវិជ្ជាដំរីក្តី សិក្សាវិជ្ជាសេះក្តី សិក្សាវិជ្ជារថក្តី សិក្សាវិជ្ជាធ្នូក្តី សិក្សាវិជ្ជាដងដាវក្តី ឬក៏សិក្សាវិជ្ជាខ្ពស់ទាបក្តី សិក្សា (វិជ្ជា) របស់សមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសិក្សានុ៎ះ ក៏ជាការសិក្សាហើយ មិនមែនមិនសិក្សាទេ ម្នាលភិក្ខុទាំងឡាយ តែថា ការសិក្សានុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា សិក្សានូវអធិសីល សិក្សានូវអធិចិត្ត សិក្សានូវអធិប្បញ្ញ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការសិក្សានុ៎ះ ប្រសើរបំផុត ជាងការសិក្សាទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស
ID: 636854007271778849
ទៅកាន់ទំព័រ៖