ព្រះត្រៃបិដក ភាគ ៤៦
អនុត្តរិយវគ្គ
[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ប្រថាប់នៅក្នុងវិហារឈ្មោះ បោក្ខរណិយា ជិតសាមគ្រាម ក្នុងដែនសក្កៈ។ គ្រានោះ ទេវតាមួយអង្គ មានរស្មីរុងរឿង កាលរាត្រីបឋមយាមកន្លងហើយ បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ធម៌ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំទូលដូច្នេះហើយ។ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហ្ឫទ័យ។ ទើបទេវតានោះ ដឹងថាព្រះសាស្តារបស់អញ ទ្រង់ពេញព្រះហ្ឫទ័យហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ បាត់ទៅក្នុងទីនោះឯង។ លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា
ID: 636854000075177227
ទៅកាន់ទំព័រ៖