ព្រះត្រៃបិដក ភាគ ៤៧
សុត្តន្តបិដក
អង្គុត្តរនិកាយ សត្តកនិបាត
អដ្ឋមភាគ
សូមនមស្ការចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
បឋមបណ្ណាសក
ធនវគ្គ
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១
ID: 636854446670070994
ទៅកាន់ទំព័រ៖