ព្រះត្រៃបិដក ភាគ ៤៧
ក៏អង្គុយក្នុងទីសមគួរ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរឬ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាលបើពោលត្រឹមត្រូវ គប្បីពោលចំពោះបុគ្គលដែលប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេពោលដោយត្រឹមត្រូវ គប្បីពោលចំពោះតថាគតនោះឯងថា ម្នាលព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រព្រះគោតមដ៏ចំរើន ចុះការដាច់ក្តី ធ្លុះក្តី ពពាលក្តី ពព្រុសក្តី នៃព្រហ្មចរិយធម៌ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរដោយប្រពៃ មិនបានប៉ះពាល់ នូវការប៉ះពាល់ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម (សេពមេថុន) តែថា រមែងត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់របស់មាតុគ្រាម។
ID: 636854470784170241
ទៅកាន់ទំព័រ៖