ព្រះត្រៃបិដក ភាគ ៤៧
តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ សម្រេចអំពីសញ្ញោគៈ និងវិសញ្ញោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងកំណត់ក្នុងចិត្តនូវឥន្រ្ទិយ នៃស្ត្រីខាងក្នុង គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្ត្រីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ ស្រ្តីនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះស្រ្តីនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងប៉ុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់ស្រ្តីនោះ ព្រោះការប្រកបជាបច្ច័យ ស្រ្តីនោះឯង រមែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងឥត្ថីភាព តែងដល់នូវការប្រកប ក្នុងពួកបុរិសភាព។
ID: 636854471783497400
ទៅកាន់ទំព័រ៖