ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ស្រ្តីរមែងមិនកន្លងភាពនៃស្រ្តីយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃបុរសខាងក្នុងសន្តាន គឺកិរិយានៃបុរស ឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស។ បុរសនោះ រមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះហើយ រមែងកំណត់ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយនៃស្រ្តីខាងក្រៅវិញ គឺកិរិយានៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នានៃស្រ្តី សំឡេងនៃស្រ្តី អលង្ការនៃស្រ្តី។ បុរសនោះ រមែងត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះ លុះបុរសនោះ ត្រេកអរក្នុងហេតុនោះ រីករាយក្នុងហេតុនោះហើយ រមែងប៉ុនប៉ងនូវសេចក្តីប្រកបខាងក្រៅ។ សេចក្តីសុខ និងសោមនស្សណា កើតឡើងដល់បុរសនោះ ព្រោះការប្រកបជាបច្ច័យ បុរសនោះ តែងប៉ុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវការប្រកបក្នុងពួកស្រ្តី។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងមិនកន្លងនូវភាពនៃបុរស យ៉ាងនេះឯង។
ID: 636854471967117902
ទៅកាន់ទំព័រ៖