ព្រះត្រៃបិដក ភាគ ៤៧
អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីបជាទាន ចំពោះសមណៈ ឬព្រាហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាពបែបនេះដែរឬ។ មានព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាជាធំ ក្នុងជាន់ចាតុម្មហារាជិកៈ។ លុះបុគ្គលនោះ អស់កម្មនោះហើយ ក៏បានមកកាន់អត្តភាពនេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត។
ID: 636854473055610160
ទៅកាន់ទំព័រ៖