ព្រះត្រៃបិដក ភាគ ៤៧
មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន ទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ ទាំងមិនឲ្យទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីនឹងមិនឲ្យទាន ដល់ពួកបុគ្គលមិនចម្អិន ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីទាំងនោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏កើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងព្រហ្មកាយិកទេវតា
ID: 636854473631113077
ទៅកាន់ទំព័រ៖