ព្រះត្រៃបិដក ភាគ ៤៧

​លុះ​កាល​កន្លងទៅ​ ​ក៏​ប្រើ​បុរស​មួយ​នាក់​ ​ឲ្យ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ក្នុង​លំនៅ​របស់​ខ្លួន​។​ ​លំដាប់នោះ​ ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មហាមោគ្គល្លាន​ជា​ប្រធាន​ ​មិនទាន់​ធ្វើភត្តកិច្ច​ ​ក្នុង​ពេលព្រឹក​នៅឡើយ​ ​ក៏​សំដៅ​ទៅកាន់​វេឡុ​ក​ណ្ត​កន​គរ​។​ ​ចំណែកខាង​នន្ទ​មាតា​ឧបាសិកា​ ​ក៏​ហៅ​បុរស​មួយ​នាក់​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​ឯ​អារាម​ ​ចូរ​ក្រាបទូល​នូវ​ភត្តកាល​ ​ចំពោះ​ភិក្ខុសង្ឃ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក្នុង​លំនៅ​ ​នៃ​នន្ទ​មាតា​ជា​ម្ចាស់​ ​ក៏​សម្រេច​ហើយ​។​ ​បុរស​នោះ​ ​ក៏​ទទួល​ស្តាប់​នន្ទ​មាតា​ឧបាសិកា​ថា​ ​បាទ​ ​អ្នក​ម្ចាស់​ ​ហើយក៏​សំដៅ​ទៅ​ឯ​អារាម​ ​ក្រាបទូល​នូវ​កាល​ ​ដល់​ភិក្ខុសង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក្នុង​លំនៅ​នៃ​នន្ទ​មាតា​ឧបាសិកា​ជា​ម្ចាស់​ ​ក៏​សម្រេច​ហើយ​។​ ​លំដាប់នោះ​ ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ជា​ប្រធាន​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅត្រង់​លំនៅ​ ​ដែល​នន្ទ​មាតា​ឧបាសិកា​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ស្រេចហើយ​។​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636854474185294775
ទៅកាន់ទំព័រ៖