ព្រះត្រៃបិដក ភាគ ៤៧
ចំណែកខាងនន្ទមាតាឧបាសិកា អង្គាសភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ត្រាតែហាមឃាត់។ នន្ទមាតាឧបាសិកា លុះកំណត់ដឹងនូវព្រះសារីបុត្តដ៏មានអាយុ កាលឆាន់រួច មានព្រះហស្តដាក់ចេញពីបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទមាតាឧបាសិកា អង្គុយក្នុងទីដ៏សមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏សួរដូច្នេះថា ម្នាលនន្ទមាតា ចុះអ្នកណាប្រាប់ដំណើរមកនៃភិក្ខុសង្ឃដល់នាង។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំម្ចាស់ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រីឯណោះ សូត្របារាយនធម៌ដោយសំឡេង (ដ៏ពីរោះ) ហើយនៅស្ងៀម។ បពិត្រលោកម្ចាស់ដ៏ចំរើន ស្រាប់តែមហារាជឈ្មោះវេស្សវណ ដឹងច្បាស់នូវទីបំផុតនៃធម្មកថារបស់ខ្ញុំ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់។ (ខ្ញុំម្ចាស់សួរថា) ម្នាលអ្នកមានមុខដ៏ចំរើន ចុះអ្នកជាអ្វី។ ម្នាលនាង ខ្ញុំជាមហារាជឈ្មោះវេស្សវណ ជាប្អូននៃនាង។ បពិត្រព្រះអង្គមានភ័ក្រ្តដ៏ចំរើន ការមករបស់ព្រះអង្គ ប្រពៃណាស់ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំបានពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេសដល់ព្រះអង្គ។ ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះឯង
ID: 636854474362304899
ទៅកាន់ទំព័រ៖