ព្រះត្រៃបិដក ភាគ ៤៧
ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ខ្ញុំក៏បានដល់នូវចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធដោយឧបេក្ខា មិនជាទុក្ខ មិនជាសុខ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនជាអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន សំយោជនៈខាងក្រោមទាំង ៥ ណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ បណ្តាសំយោជនៈទាំងនោះ ខ្ញុំម្ចាស់ពិចារណាមិនឃើញ នូវសំយោជនៈណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់សោះឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ញុំាងនន្ទមាតាឧបាសិកា ឲ្យឃើញច្បាស់ ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈចេញទៅ។
ចប់ មហាយញ្ញវគ្គ ទី៥។
ID: 636854475232034645
ទៅកាន់ទំព័រ៖