ព្រះត្រៃបិដក ភាគ ៤៧
អវិជ្ជាសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ មិនមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនធម៌ ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ។
[១០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺអនុនយសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះសញ្ញោជនៈ ៧ យ៉ាង។
ចប់ ធនវគ្គ ទី១។
ឧទ្ទាននៃធនវគ្គនោះគឺ
និយាយពីភិក្ខុជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ពីរលើក កំឡាំង ១ ទ្រព្យ ១ (ទាំងសង្ខេប ទាំងពិស្តារ) ឧគ្គរាជមហាមាត្យ ១ ការលះបង់សញ្ញោជនៈ ១ មានមច្ឆរិយៈជាទីបំផុត ១។
ID: 636854450154810310
ទៅកាន់ទំព័រ៖